កិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខៈ០១៣ សហវ ស្តីពីការអនុវត្តច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ សម្រាប់មន្ទីរជំនាញជុំវិញខេត្ត
ព្រឹកថ្ងៃពុធ ១កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣
មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ដែលបានសហការជាមួយប្រតិភូក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋបាលខេត្ត រៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខៈ០១៣ សហវ ស្តីពីការអនុវត្តច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ សម្រាប់មន្ទីរជំនាញជុំវិញខេត្ត ក្រោមអធិបតីភាពលោក អ៊ឹម បញ្ញារិទិ្ធ អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប។ ក្នុងគោលបំណងជម្រុញដល់រដ្ឋបាលថ្នាក់ក្រោមជាតិ អង្គភាព-ជំនាញអនុវត្តថវិកាកម្មវិធីឲ្យបានរលូន ទាន់ពេលវេលា ត្រឹមត្រូវ ប្រកបដោយប្រសិទ្ធភាព សក្តិសិទ្ធិភាព និងការទទួលខុសត្រូវខ្ពស់ លើកការគ្រប់គ្រងចំណូល ,ចំណាយ,លទ្ធកម្មសាធារណៈ, គ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ។ ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ មានគោលដៅគាំទ្រការអនុវត្ត កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសការអនុវត្ដអាទិភាពគោលនយោបាយសំខាន់ៗ និង វិធានការកែទម្រង់ជាក់ស្ដែងនានា ដែលត្រូវបានដាក់ឱ្យអនុវត្តជាបន្តបន្ទាប់ ចាប់ពីដើមនីតិកាលទី៧ នៃរដ្ឋសភាឲ្យសម្រេចបាននូវលទ្ធផល ផ្លែផ្កាជាអតិបរមា ដើម្បីឆ្លើយតបទៅនឹងសំណូមពរសេចក្តីត្រូវការ និងការរំពឹងទុករបស់ប្រជាជនកម្ពុជាដែលជាម្ចាស់ឆ្នោត នៅក្នុងដំណាក់កាលថ្មីនៃការអភិវឌ្ឍ។ កិច្ចប្រជុំផ្សព្វផ្សាយនេះមានការអញ្ជើញចូលរួមពីតំណាង រតនាគារខេត្ត សាខាពន្ធដារខេត្ត និងមន្ទីរ ជំនាញជុំវិញខេត្ត សរុបប្រមាណជាង ៥៥រូប ។ កិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខៈ ០១៣ សហវ បានបញ្ចាប់នៅម៉ោង ១២:០០ នាទី ថ្ងៃទី ២២ ខែមករា ឆ្នាំ២០២៤។
ព័ត៌មានទាក់ទង